កម្ពុជា-ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការទិញដំឡូងមី ៤ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ 

ភ្នំពេញ ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើការទិញដំឡូងមី ចំនួន ៣០០,០០តោន និងពោតក្រហម ចំនួន ១០០,០០០តោនពីកម្ពុជា ក្នុងមួយឆ្នាំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃ បានពិភាក្សា យ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។

ជាមួយគ្នានេះ លោក ប្រធានគណៈប្រតិភូ បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ និងធ្វើអាជីកម្មនៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។

ក្រោយពីចប់ជំនួបពិភាក្សា លោក រដ្ឋលេខាធិការ ក៏បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន Koson Group និងសហព័ន្ធដំឡូងមីកម្ពុជា ដែលក្រុមហ៊ុន Koson Group នឹងទទួលទិញដំឡូងមីចំនួន ៣០០,០០០តោន និងពោតក្រហមចំនួន ១០០,០០០តោន ក្នុងមួយឆ្នាំពីកម្ពុជា តាមរយៈសហព័ន្ធដំឡូងមីកម្ពុជា៕