កម្ពុជា-អាម៉េរិក ផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ភ្នំពេញ ៖ កម្ពុជា-អាម៉េរិក បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ 

បេីតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថនាថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាម៉េរិកលោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្រ្តីនិងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងលោកស្រីចមនិម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជាសហរដ្ឋអាម៉េរិកចូលរួមកិច្ចប្រជុំចរចាជុំទី១លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកជាមួយភាគីសហរដ្ឋអាម៉េរិកដឹកនាំដោយលោកស្រី Sarah Ellerman

អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក។

ក្នុងកិច្ចប្រជុំចរចាជុំទី១ នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕