ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីវិធីសាស្ត្រការពារខ្លួន ពីឧបាយកលឆបោក ដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោក ដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើន ដែលជាបញ្ហាសកលកំពុង កើនឡើងគួរឱ្យកត់សម្គាល់។

ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ ឬចែករំលែក ទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាក ក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ៕