២នាក់បងប្អូនជីដូនមួយ ឌុបគ្នាទៅបើកបវេសនកាល អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្អូន

ភ្នំពេញ ៖  យុវជនសិស្សសាលា ២នាក់បងប្អូនជីដូនមួយ ជិះម៉ូតូឌុប គ្នា ទៅបើកបវេសនកាលឆ្នាំសិក្សាថ្មី ខណៈធ្វើដំណើរតាមផ្លូវ បានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូមួយគ្រឿងទៀត បណ្តាលអោយដួល ស្របពេលរថយន្តព្រូស មួយគ្រឿងបើកមកដល់កិនស្លាប់យុវជនប្អូនបានស្លាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី ១ ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមសម្តីសន្តិសុខម្នាក់ដែលឃើញហេតុ ការបានអោយដឹងថា មុនកើតហេតុ គាត់បានឃើញ យុវជនសិស្សសាលាទាំង២នាក់ ធ្វើដំណើរដោយម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2304 ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ បេតុងព្រៃស ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច ក៏មានម៉ូតូម៉ាក វ្វេវ មួយគ្រឿង ជិះដោយបុរសម្នាក់ ជិះមកកណ្តាលទ្រូងផ្លូវ រៀបនិងឆ្លងផ្លូវ ស្រាប់តែ ម៉ូតូយុវជនខាងលើ ជិះទៅប៉ះ ខ្ទាតទៅមុខប្រមាណជាង១០ម៉ែត្រ ធ្លាក់យុវជនដែលជិះក្រោយ ទៅនឹងថ្នល់បេតុង ស្របគ្នានោះក៏មានរថយន្តម៉ាកព្រូស មួយគ្រឿង កិនចំជនរងគ្រោះស្លាប់នៅនឹងកន្លែង រីឯ យុវជនដែលឌុប និងភាគីខាងម៉ូតូ វ្វេវ រងរបួសស្រាល ។ ភ្លាមនោះរថយន្តព្រូល បានបើកបន្តទៅមុខបាត់ទៅ បន្សល់ទុក ជនរងគ្រោះ និងម៉ូតូ២គ្រឿង នៅនិងកន្លែងកើតហេតុ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ហុង តាក់វណ្ណឆៃ អាយុ១៣ឆ្នាំ​ មុខរបរសិស្ស វិទ្យាល័យទួលអំពិល​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងអូសយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តស្រាវជ្រាវរករថយន្តដែលកិនមនុស្សស្លាប់បើករត់គេច ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សំណាង