កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះពិនិត្យទីតាំងលក់កាហ្វេឈ្មោះ Immortal Cafe ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 188E1 ផ្លូវ 146z ភូមិ៥ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានពិនិត្យឃើញសិស្សសាលាចំនួន១៣ នាក់ (ស្រី០៥នាក់) កំពុងជួបជុំគ្នាលេងបៀរ និងជក់បារីអេឡិចត្រូនិក។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះទៅធ្វើការពិនិត្យនេះក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងសិស្សសាលាមួយក្រុមស្លៀកពាក់ឯកសណ្ឋានសិស្សនាំគ្នាគេចសាលា ប្រមូលផ្តុំពពាក់ពពូននៅតាមហាងកាហ្វេ រោងកុង ជក់បារី ផឹកស្រា លេងបៀរយ៉ាងអនាធិបតេយ្យ។

សិស្សសាលាទាំង១៣នាក់ សមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន (លទ្ធផលពុំមានទាំង ១៣នាក់) រួចធ្វើការអប់រំ និងអញ្ជើញឲ្យឪពុកម្ដាយមកធានាយកទៅផ្ទះវិញ។ ចំណែកម្ចាស់ហាងកាហ្វេ ឈ្មោះ ខុន ពុទ្ធារិទ្ធ បាននាំមកសាលាសង្កាត់ ដើម្បីធ្វើកំណត់ហេតុណែនាំ និងបិទអាជីវកម្មទាំងស្រុងតែម្ដង៕




































Leave a Reply