កញ្ឆាក្រៀម៦០គីឡូ រត់ពន្ធឆ្លងដែនត្រូវកម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបបាន

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបូរីជលសារ សហការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាក្រៀមដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងជំនាញបានដកហូតវត្ថុតាងកញ្ឆាក្រៀមចំនួន១១៩កញ្ចប់ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg។ ទូកកាណូ០១គ្រឿង ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស។ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO  និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ជនសង្ស័យឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន។ ២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។ តែដោយការស្រាវជ្រាវជនទាំងពីរមិនមានការពាក់ព័ន្ធ ទើបព្រះរាជអាជ្ញា បង្គាប់មកជំនាញឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោយពីជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក កម្លាំងកងរាជអាវុធហត្ថស្រុកបូរីជលសារសហការជាមួយកម្លាំងកងរាជអាវុធហត្ស្រុកកោះអណ្តែត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិតាផាន់ ឃុំ ព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់៕