ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី ថា ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយ លោក Natalius Pigai រដ្ឋមន្រ្តីក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគី ទៅវិញ។ ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។ ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយក បញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ពាក់ព័ន្ធនឹងបញ្ហាមីន លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា «រាល់ពេលទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃ នោះ គឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ»។
លើសពីនេះ លោកទេសរដ្ឋមន្ត្រី លើកឡើងទៀតថា «ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់»។
បន្ទាប់ពីបានទទួលស្តាប់នូវការលើកឡើងខាងលើ លោក Natalius Pigai បានថ្លែងអំណរ គុណចំពោះ លោកទេសរដ្ឋមន្ត្រី ចំពោះព័ត៌មានទាំងអស់ និងការចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមនិងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕










































Leave a Reply