JCTF កម្ពុជា-ថៃ ប្រគល់ភារឱ្យ CMAC កម្ពុជា និង TMAC ថៃ ពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បង ក្នុងតំបន់អាទិភាពនៅព្រំដែន

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ បានប្រគល់ភារកិច្ចជូនក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ 

នេះបើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។

គូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។ ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕