ទឹកកខ្វក់ចំនួន ១២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឲ្យហូរចូលបំពុលតំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់ដល់បរិស្ថាន និងសុខភាពរបស់ពលរដ្ឋ ក្នុងរយៈពេល ៨ខែ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ មានប្រមាណ ១,៩ លានម៉ែត្រគីប ក្នុងខែ។

លើសពីនេះ លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អ ពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់  ម្ចាស់រោងចក្រនិងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ«ភាពស្អាត»។

សូមបញ្ជាក់ថា ម្ចាស់ទីតាំង និងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ តាមក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា១៧៨ មាត្រា២៨៧ មាត្រា២៨៨ មាត្រា៨២៩ ទាក់ទងនឹង ការបញ្ចេញសំណល់ ឬ សារធាតុបំពុលទៅក្នុងបរិស្ថាន មិនស្របតាមស្តង់ដារបញ្ចេញ សំណល់ ត្រង់មាត្រា៨៤៥ ការមិនអនុវត្តកាតព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់៕