
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២០.៣០នាទី មានករណីឃាតកម្មមួយកើតឡើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវបានប្អូនថ្លៃចូលទៅកាប់នៅក្នុងបន្ទប់បណ្តាលឱ្យស្លាប់ បន្សល់ទុកឱ្យកូននៅកំព្រា។

ក្រោយមានករណីឃាតកម្មនេះកើតឡើងភ្លាម, ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ តាមចាប់ជនដៃដល់ឲ្យបានជាដាច់ខាត។ ក្រោយធ្វើការស្រាវជ្រាវតាមជំនាញ កម្លាំងនគរបាលបានតាមឃាត់ខ្លួនជនដៃដល់ឈ្មោះ ចិន ចាន់ចំណាប់ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ។

របាយការណ៍របស់នគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះ ជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។

ភ្លាមនោះស្រាប់តែជនដៃដល់ ដែលត្រូវជាប្អូនថ្លៃ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជននេះក៏បានរត់គេចខ្លួនបាត់ រហូតត្រូវបានកម្លាំងនគរបាលតាមចាប់បានភ្លាមៗ។

តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនដៃដល់ បានឱ្យដឹងថា ជននេះបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន៣ដងរួចមកហើយ។ បច្ចុប្បន្នជនដៃដល់ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមច្បាប់៕






































Leave a Reply