
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក ,និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងបាននិងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ជាក់ស្តែងជាមួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំងអស់តាមយន្តការនិងនីតិវិធីដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីននិងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះដើម្បីអាចចាប់ផ្តើមការងារជីកស្តារនិងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។

អ្នកនាំពាក្យ បន្ដថា ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និងដ្រូន DJI M350 ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយទើបត្រូវបានបំពាក់បន្ថែម ដើម្បីបញ្ចប់កិច្ចការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ជារួម គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល ៥៥ ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការថតយករូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។

សូមបញ្ជាក់ថា គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕




Leave a Reply