មន្ដ្រីជំនាញ ក្រើនរំលឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរំលឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។  

ចំណែក នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។ 

បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋាន បានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។ 

លោក បន្ថែមថា «ទន្ទឹមនោះ យើងក៏មានការចុះបង្រៀនដល់ពលរដ្ឋតាមតំបន់គោលដៅ និងណែនាំឱ្យពួកគាត់ចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ ត្រូវធ្វើដូចម្ដេច និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗដើម្បីត្រៀមពេលដែលមានអគ្គិភ័យកើតមានឡើង ជាវិធីបឋមតើពលរដ្ឋអាចមានលទ្ធភាពពន្លត់ដោយខ្លួនឯងបានរបៀបម៉េចជាដើម»។ 

លោកឧត្តមសេនីយ៍ បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិ ក៏បានរៀបចំផែនការ ត្រៀមកម្លាំងជំនាញពង្រាយកម្លាំងការពារតំបន់សំខាន់ៗនៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដោយម្យ៉ាងត្រៀមរថយន្តពន្លត់អគ្គិភ័យ និងម្យ៉ាងចូលរួមដឹកទឹកបាញ់ជូនពលរដ្ឋលេងកម្សាន្តតាមគោលដៅរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំ៕