
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន។

តាមការគ្រោងទុក ស្ពានអាកាសនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការ ខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែប៉ុណ្ណោះ។ ក្នុងនោះដោយមានគោលការណ៍អនុញ្ញាតពី សម្ដេចមហាធិបតី នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន លើកទី១ ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦.៧៧៥.០០០ដុល្លារ ជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែក ដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ដំណាក់កាលទី២។ ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសមានកម្ពស់ ២ជាន់ និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ដែលដាក់ឱ្យប្រើប្រាស់រួចហើយនោះ។

មកដល់ពេលបច្ចុប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២), ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥៕


Leave a Reply