
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈលោកទេសរដ្ឋមន្ដ្រី ចង់ឃើញបារាំងចូលរួមគាំទ្រឡើងវិញនៅសកម្មភាពបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន លោក លី ធុជ បានលើកឡើងថា បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលធ្លាប់បានចូលរួមគាំទ្រសកម្មភាពបោសសម្អាតមីនមនុស្សធម៌ កន្លងទៅនេះ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី២ ជាពិសេសគាំទ្រដល់ការបោសសម្អាតមីននៅតាមទីតាំងបុរាណវត្ថុក្នុងខេត្តសៀមរាបដើម្បីគាំទ្រដល់អាជ្ញាធរជាតិអប្សរា។
ទន្ទឹមនឹងនោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ ចង់ឃើញប្រទេសបារាំងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ដើម្បីគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោក លី ធុជ បានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព។
លោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន អស់រយៈពេលជាង ៣ទសវត្សរ៍ ។ ជាការឆ្លើយតបនឹងសំណើសម្រាប់ការចូលរួមដល់សកម្មភាពមីនមនុស្សធម៌ឡើងវិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងរាយការណ៍ទៅកាន់រដ្ឋាភិបាលបារាំង ដើម្បីពិចារណា។
ជាមួយគ្នានោះ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ លោក Olivier RICHARD គាំទ្រឱ្យមានសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ និងបន្តដោះស្រាយជម្លោះដោយសន្តិវិធី៕






































Leave a Reply