នាយករដ្ឋមន្ដ្រីកម្ពុជា ជឿជាក់ថា កិច្ចប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Tanaka Akihiko បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។ 

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ 

សម្តេចបវរធិបតី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕