ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់គណ:កម្មាធិការគណបក្សស្រុកបាភ្នំ 

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ លើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សស្រុកបាភ្នំ ខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ ដោយមានសមាជិក សមាជិកាចូលរួមសរុប៤៥៣នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដែលបានស្ម័គ្រចិត្តជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត លះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំទាំងអស់ ត្រូវបំពេញការងារជាមួយគ្នា ក្នុងលក្ខណៈជាបងប្អូន គោរពវិន័យ បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍន៍សមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច៕