
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសេវាប្រឹពចាក់ (CAB-PrEP) ដែលឱសថនោះមានឈ្មោះថា «កាបូតេក្រាវៀ (Cabotegravir)» គឺជាប្រភេទឱសថចាក់ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ នាឱកាសនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍ សម្រាប់ក្រុមប្រជាជនប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួន ពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានដាក់ឱ្យប្រើប្រាស់ CAB-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ ឱសថ CAB-PrEP នេះ ត្រូវចាក់រៀងរាល់ពីរខែម្តង ផ្តល់នូវជម្រើសមួយងាយស្រួល មានឯកជនភាព បន្ថែមលើជម្រើស PrEP លេប ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍»។

លោកស្រី បានបន្ដថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់ថ្នាំលេប សម្រាប់បង្ការមុនពេលប្រព្រឹត្ត ប្រឈមនឹងការឆ្លងមេរោគអេដស៍ (PrEP) ចាប់តាំងពីឆ្នាំ២០១៩។ ការផ្តល់ថ្នាំព្រឹបលេប បានជំរុញឱ្យប្រទេសកម្ពុជាមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួល បានសេវាថ្នាំ PrEP លេប ជាពិសេសក្នុង ចំណោមប្រជាជនដែល មានការប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ ព្រមជាមួយនឹងវិធីសាស្ត្របង្កើនការ យល់ដឹងពីតម្រូវការ ការគ្របដណ្តប់លើសេវា PrEP លេប និងសេវាធ្វើតេស្តរកមេរោគអេដស៍ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេសកម្ពុជា ដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ការដាក់ឱ្យប្រើប្រាស់ មធ្យោបាយបង្ការតាមបែបជីវវេជ្ជសាស្ត្រដទៃទៀតដូចជា CAB-PrEP។

លោកស្រី បានគូសបញ្ជាក់ថា «ក្នុងជំហានដំបូង ក្រសួងសុខាភិបាល នឹងដាក់ឱ្យប្រើប្រាស់ថ្នាំ CAB-PrEP នៅរាជធានីភ្នំពេញ គឺមាននៅគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ ( ART-1 and ART-2), គ្លីនិកជាតិទីតាំងទី២ នៅទួលគោក (NCHADS-AHF ART-3 គឺមណ្ឌលសុខភាពទួលគោក និងសមាគមឈូកស (គ្លីនិកឈូកស)៕





Leave a Reply