
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបវរធិបតី បានឱ្យដឹងថា «លើសពីនេះ, ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស»។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល៕






Leave a Reply