
ឧត្តរមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កងទ័ពទាំងឡាយកុំខ្លាច ក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើ របស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពី សម្ដេច នៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់យ៉ាងច្បាស់ថា «សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង»។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕






































Leave a Reply