
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីបេះដូងជូនចំពោះ កាកបាទក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាពស្អាតជាង ៨០%។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជាយើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់ និងលើឆាកអន្តរជាតិ»៕





Leave a Reply