សម្តេចតេជោ ហ៊ុន សែន ប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយសម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ដោយការប៉ាន់ស្មានថា ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយ សម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី។

តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ?»

សម្តេចតេជោ បន្ដថា តាមរយៈការចូលមករំខានយើង អាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះ យើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។

សម្តេចតេជោ គូសបញ្ជាក់ថា «តាមការស្មានរបស់ខ្ញុំ ថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់ ៣ខែខាងមុខហើយខ្ញុំ ក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានជូនសារនយោបាយទៅក្រុមថ្នាក់ដឹកនាំថៃ ជាពិសេសក្រុមជ្រុលនិយម ឲ្យចងចាំសិន្ធិសញ្ញាបារាំង-សៀម ហើយកុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ។

សម្ដេច ថា «ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ និងផែនទីនោះផង។ កុំប្រើផែនទីចោរដែលគូសដោយខ្លួនឯងដើម្បីដីខ្មែរ»៕