សម្ដេច នាយករដ្ឋមន្ដ្រី ប្រគល់ភារកិច្ចគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់សេវា និងសម្របសម្រួលចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា។

សម្តេចមហាបវរធិបតី ក៏បានណែនាំទៅ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ៕