ប្រមុខក្រសួងមហាផ្ទៃ ផ្ដាំផ្ញើដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើចរាចរណ៍លើដងផ្លូវ

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានធ្វើការផ្ដាំផ្ញើដល់ប្អូនៗជាយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើចរាចរណ៍លើដងផ្លូវ។

កាលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះផងដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានសំណេះសំណាលសួរសុខទុក្ខ និងផ្ដាំផ្ញើដល់ប្អូនៗយុវជន សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឲ្យចេះបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើចរាចរណ៍លើដងផ្លូវ និងបានចែកជូននូវសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមួកសុវត្ថិភាព សរុបចំនួន ៨៥០មួក ដល់តំណាងយុវជន និងសិស្សានុសិស្ស ដើម្បីជាការផ្សព្វផ្សាយ ចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកកម្រិតទាប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជា មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបប្រមាណ ១,៤៩៨រូប៕