
នៅថៃ្ងអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឡើងអ្នកតា មេ-ស យ៉ាងអធិកអធម និងអ៊ូរអរ បង្ករភាពសប្បាយរីករាយក្រៃលែង នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ពិធីបុណ្យឡើងអ្នកតា មេ-ស នេះគឺជាផ្នែកមួយដ៏សំខាន់នៃជំនឿប្រពៃណី និងវប្បធម៌របស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ស្រុកបាភ្នំ។ តាមឯកសារមួយចំនួនបានបញ្ជាក់ថា ពិធីនេះបានចាប់ផ្ដើមរៀបចំឡើងវិញសារជាថ្មីចាប់តាំងពីឆ្នាំ ១៩៩៥ មក បន្ទាប់ពីបានផ្អាកជាយូរអង្វែងក្នុងអំឡុងពេលសង្គ្រាមស៊ីវិលដ៏ជូរចត់ ដែលបានធ្វើឱ្យបាត់បង់ទាំងជីវិតមនុស្ស ទាំងតម្លៃវប្បធម៌ និងជំនឿសាសនាជាដើម។ ការរៀបចំឡើងវិញនូវពិធីនេះ បង្ហាញពីការរស់រានឡើងវិញនៃជំនឿ និងការងើបឈររបស់សង្គមខ្មែរក្រោយសង្គ្រាម។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានលើកឡើងថា ការចូលរួមក្នុងពិធីបុណ្យនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះការថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ ប្រពៃណី ជំនឿ និងទំនៀមទម្លាប់របស់ដូនតាខ្មែរដ៏ផូរផង់។

ឯកឧត្តមបណ្ឌិតបន្តថា ពិធីបុណ្យឡើងអ្នកតា មេ-ស គឺមិនត្រឹមតែជាការគោរពបូជាចំពោះដួងវិញ្ញាណក្ខន្ធអ្នកតា ដែលតាមថែរក្សាភូមិស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋបានជួបជុំគ្នា សាមគ្គីគ្នា និងរួមចំណែករក្សាមរតកវប្បធម៌ដ៏ល្អផូរផង់នេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តថែរក្សា និងអភិវឌ្ឍន៍ប្រពៃណីដ៏ល្អនេះតទៅមុខទៀត។ ពិធីបុណ្យនេះ បានប្រព្រឹត្តទៅដោយរលូន និងពោរពេញទៅដោយក្តីសង្ឃឹម ព្រមទាំងបង្ហាញពីសន្តិភាព ស្ថិរភាព និងការរីកចម្រើនដែលសង្គមជាតិកំពុងទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគត៕



















































Leave a Reply