
ភ្នំពេញ ៖ កម្ពុជាប្ដេជ្ញាប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក និងជំរុញបរិស្ថានស្អាតបៃតងជានិរន្តរ៍ បន្ទាប់ពីទទួលបានព្រះរាជសារដ៏ឧត្តុង្គឧត្តម និងព្រះរាជអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយមីក្រូប្លាស្ទិក និងណាណូប្លាស្ទិក ដែលសំយោគចេញពីសំណល់ប្លាស្ទិកដោយការដុតប្លាស្ទិកក្រោមកម្តៅតិចជាង ១០០អង្សារសេ និងការទុកដាក់សំរាម សំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ។

លោក បន្ដថា ដើម្បីធានាឱ្យបាននូវសុខដុមរមនារវាងមនុស្ស និងបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសសរស្តម្ភ ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបរិស្ថាន បានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៥៦ កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ ៨៨%។

សូមជម្រាបជូនថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧២ នាឱកាសសន្និសីទស្តីពីបរិស្ថានមនុស្សនៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយកំណត់យកថ្ងៃ ៥ មិថុនា ជាថ្ងៃប្រារព្ធពិធី៕





Leave a Reply