
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម។
ការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអះអាងថា កន្លងទៅថ្មីៗនេះមានហេតុការណ៍បាញ់ប្រហារ និងបាញ់រះដោយអាវុធកើតឡើងនៅក្នុងប្រទេសជិតខាងកម្ពុជា ដែលនេះជាអំពើភេរវកម្ម ដូច្នេះហើយកម្លាំងនគរបាលជាតិមិនអាចធ្វេសប្រហែសបានឡើយ ពោលត្រូវតែពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។
សូមរំលឹកថា ការដាក់បទបញ្ជារបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច៕

Leave a Reply