ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ចុង សុវណ្ណនី ដែលត្រូវជាឪពុកអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងលោក ចុង សុវណ្ណនី ពីរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ចុង សុវណ្ណនី ត្រូវបានគេដឹងថា ជាឪពុករបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានក្រសួងមហាផ្ទៃ ប្រកាសមោឃភាពលិខិតឆ្លងដែន និងត្រូវបានប៉ូលីសអន្តរជាតិនៅព្រំដែនប្រទេសរុស្ស៊ី ចាប់ឃាត់ខ្លួន កាលដើមខែមករា ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកកាត់ទោសនៅកម្ពុជា ដោយសារកំពុងជាប់ក្នុងដីកាតុលាការពីបទគំរាមកំហែងហែកកេរ្តិ៍ ប៉ះពាល់ដល់កិត្តិយសជាតិមានស្ថានទម្ងន់ទោសក្នុងប្រទេសកម្ពុជា៕