ក្រសួងសុខាភិបាល ក្រើនរំលឹកអំពីការប្រុងប្រយ័ត្ន និងបង្ការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺ គ្រុនឈាម នាដើមឆ្នាំ២០២៥។

ព្រមទាំងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ប្រកបដោយ ប្រសិទ្ធភាព ដោយចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក»។

តាមរយៈសេចក្ដីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួង បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាព ក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស រួមជាមួយនិងនិន្នាការនៃកើនឡើងចំនួនមូសដែលភាគច្រើន បំផុតជាប្រភេទមូសអង្កាម ក្នុងអំឡុងពេលរដូវប្រាំងគិតចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា។ ជាបន្ថែមក្នុងរដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយដែល ក្លាយជាជម្រកសម្រាប់មូសអង្គាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងដែលមានទឹកដក់ក្លិនស្អុយ។

ទោះជា យ៉ាងណាក៏ដោយ ក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗ នៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ 

ក្រុមការងារឆ្លើយតប របស់ក្រសួងសុខាភិបាល បាននិងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតបដោយសហការ ជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសំលាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និង ចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ ដែលដើរតួជាមូសអង្កាម ដែលចូលចិត្ត រស់នៅតាមទឹកស្អុយ ពិសេសទឹកលូស្អុយ៕