នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

វេទិកាលើកទី៦នេះ ត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងសហការរៀបចំដោយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា “អង្គការ CCC” ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ៥២០នាក់ ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល អាជ្ញាធររដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៥ ប្រមូលបញ្ហាប្រឈមនានា ដើម្បីពិភាក្សាពិគ្រោះយោបល់ និងសម្របសម្រួលស្វែងរកដំណោះស្រាយ សំដៅលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងការចែករំលែកអំពីបទពិសោធល្អៗ និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វេទិកាលើកទី៦ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនេះ គឺជាថ្នាលមួយដ៏សំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធជួបប្រាស្រ័យធ្វើទំនាក់ទំនងនិងផ្លាស់ប្តូរ ទស្សនៈយោបល់គ្នាទៅវិញទៅមកលើកិច្ចការសំខាន់ៗ សំដៅជំរុញ និងលើកកម្ពស់លម្ហសិទ្ធិ សេរីភាពនៃអង្គការសង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យក្នុងព្រះរាជាណាចក្រកកម្ពុជា។

ឯកឧត្តម បន្តថា វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យអំពីវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៥ ការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការប្រមូលសំណើនិងសំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីដាក់ជូនក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ពិនិត្យសម្របសម្រួល ដោះស្រាយ និងលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា។

ឯកឧត្តម បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអនុម័តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅដោយបានផ្តោតលើការងារអាទិភាពសំខាន់ៗ ដែលក្នុងនោះមានការ «បន្តពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល តាមរយៈការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដើម្បីបង្កើនកិច្ចសហការក្នុងភាពជាដៃគូ ប្រកបដោយសុខដុមនីយកម្មប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើដល់សមាជិកសមាជិកានៃអង្គវេទិកានេះ បន្តផ្សព្វផ្សាយចែករំលែកដល់បុគ្គលពាក់ព័ន្ធ ជាពិសេសសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន និងចៀសវាងដាច់ខាតការធ្វើសកម្មភាពណាមួយ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិ។ ជាមួយគ្នាននោះ រាជរដ្ឋាភិបាលនៅតែបន្តរិះរកវិធីសាស្ត្រលើកទឹកចិត្តតាមគ្រប់រូបភាពទាំងអស់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋក្រីក្រ ការរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានធ្វើការណែនាំដល់អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សម្របសម្រួល ផ្តល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួល តាមគ្រប់រូបភាពដល់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ក្នុងការធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការមនុស្សធម៌ សង្គមកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់បន្តកិច្ចខិតខំរួមគ្នាបន្តទៀត ក្នុងគោលដៅដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Leave a Reply