រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តបើកវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញា និងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ 

ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធាន គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាល ដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗ ក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។ 

លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគី នៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។ 

គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម៕