នគរបាលជាតិ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េខាងត្បូង ចំនួន ៣២នាក់ ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងកុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជម្រិតគំរាមទារប្រាក់ពីជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង។

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកសាកសួរបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី៕