ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្ឃឹមថា សហគមន៍អន្តរជាតិ នឹងបន្តគាំទ្រកម្ពុជា ដែលជាប្រទេសតូចស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាង ដើម្បីឱ្យប្រជាជនទាំងសងខាងរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាពី លោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ក្នុងឱកាសបញ្ចប់ អាណត្តិបេសកកម្មនៅកម្ពុជា នាថ្ងៃទី៥ មករា នៅទីស្ដីការក្រសួង, លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ លោក ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ហើយសង្ឃឹមថា «សហគមន៍អន្តរជាតិនឹងបន្តគាំទ្រ កម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាង ដើម្បីឱ្យប្រជាជនទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា»។
លោក ចូ សូយ័រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្តម។ លោក បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះបានអនុញ្ញាតឱ្យប្រព័ន្ធ អ.ស.ប. អាចផ្តល់នូវការគាំទ្រកាន់តែមានប្រសិទ្ធភាពលើវិស័យជាច្រើន។
លោក បានគូសបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការតម្រង់អាទិភាពជាតិ ឱ្យស្របទៅនឹងរបៀបវារៈ អភិវឌ្ឍន៍សកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ លោក ចូ សូយ័រ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ៕








































Leave a Reply