គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស ចំពោះការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដោយយោធាថៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា បង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃ បានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌។

ទាហានថៃ បានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជា ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។

ដោយមានការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណីដូចបានរៀបរាប់ខាងលើ៕