កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឱ្យដឹងថា កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

លោក អ្នកនាំពាក្យ មានប្រសាសន៍ថា «កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ហើយសកម្មភាពណា ដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់»៕