ក្រសួងព័ត៌មាន ៖ កុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ អាចបង្កអន្តរាយដល់សន្តិភាព

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានឲ្យដឹងថា កុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ អាចបង្កអន្តរាយដល់សន្តិភាព។

ការឲ្យរបស់ ក្រសួងព័ត៌មាន បន្ទាប់ពីក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយ កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ធ្នូ បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក្រសួងព័ត៌មាន ធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ថា «សូមបន្តតាមដាន និងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ, ចែកចាយព័ត៌មាន ដែលមាន ប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុង ការផលិត និងផ្សាយព័ត៌មាន»។

ក្រសួង បន្ដថា «សូមកុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងសូមកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអន្តរាយដល់សន្តិភាព និងប៉ះពាល់ដល់ដំណើរការអនុវត្តសេចក្តីប្រកាសរួមនេះ។ សូមប្រើប្រាស់បណ្តាញសង្គមដោយក្រមសីលធម៌ និងទំនួលខុសត្រូវ ជៀសវាងការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ ការជេរប្រមាថ ឌឺដង ប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ឬបង្កការយល់ច្រឡំក្នុងសាធារណមតិ»។

ក្រសួង បន្ថែមថា សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។ ចៀសវាងការបង្កើតមាតិកាដែលគ្មានមូលដ្ឋានពិតប្រាកដ ឬការអះអាងគ្មានភស្តុតាង ឬការប្រើពាក្យ ពេចន៍ ដែលអាចបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឬនាំឱ្យមានផលវិបាកនានា។ ក្រសួងថា អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការកាត់តរូបភាពវីដេអូ ឬ បង្កើតរូបភាពបញ្ញាសិប្បនិម្មិត(AI) ដែលមានលក្ខណៈជេរប្រមាថ ការប្រើប្រាស់ភាសាមិនសមរម្យ ឬ ការដៀមដាម ឬសកម្មភាពផ្សេងទៀតដែលបង្កអរិភាព ឬការបញ្ឆេះកំហឹងនាំឱ្យមានការរើសអើងប្រកាន់ ពូជសាសន៍ជាដើម។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏ក្រើនរំឭកដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ រួមទាំងសាធារណជនទាំងអស់ ចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយមិនត្រូវ បង្កើត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ការប្រឌិតឬកាឡៃព័ត៌មានខុសពីការពិត៕