ទូតចិនប្រចាំកម្ពុជា ៖ អាទិភាពខ្ពស់បំផុត គឺបញ្ឈប់សង្គ្រាម កម្ពុជា-ថៃ ឲ្យបានឆាប់បំផុត

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានបង្ហាញសារពិសេសមួយនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសឲ្យដឹងថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។

លោក គូសបញ្ជាក់ថា «យើងសង្ឃឹមថា ភាគីទាំងពីរ [កម្ពុជា-ថៃ] នឹងអត់ធ្មត់ជាអតិប្បរមា ចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឱ្យបានកាន់តែឆាប់បំផុត ដើម្បីកសាងសន្តិភាពនិងស្ថេរភាពនៅតាមព្រំដែន និងដើម្បីផលប្រយោជន៍ប្រជាជន»។

ប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។

អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕