ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិសាស្ត្រខេត្តពោធិ៍សាត់។

បើតាមសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន ២គ្រឿង វាយប្រហារដោយទម្លាក់គ្រាប់បែក ចំនួន ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ (ស្ពានមេទឹក) ចំនួន ២ស្ពាន (ស្ពានបេតុងថ្មី និងស្ពានដែកចាស់) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលទង្វើរបស់យោធាថៃនេះ គឺជាសកម្មភាពរំលោភបំពានដោយខុសច្បាប់យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យជាតិកម្ពុជា និងបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។
ក្រសួង ជម្រាបជូនថា ស្ពានជ័យជំនះ (ស្ពានមេទឹក) មានប្រវែង ១៨០ម៉ែត្រ ទទឹងប្រវែង ១០ម៉ែត្រ ត្រូវបានស្ថាបនាជាស្ពានបេតុងតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥៥ ដើម្បីបម្រើដល់ការតភ្ជាប់ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនគ្រប់ប្រភេទទៅកាន់គោលដៅនានា។
ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈរួចរាល់ និងរង់ចាំការអនុញ្ញាតពី សមរភូមិជួរមុខ ក្នុងការចុះសិក្សាវាយតម្លៃផលប៉ះពាល់ និងការខូចខាត និងធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខ ហើយក្រសួងនឹងជូនដំណឹងអំពីការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញក្រោយពី ការជួសជុលបានបញ្ចប់ជាស្ថាពរ៕








































Leave a Reply