កម្ពុជា មិនរងបម្រាមអ្វីទាំងអស់ ជុំវិញការដកខ្លួនចេញពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ

ភ្នំពេញ ៖ កម្ពុជាមិនរងបម្រាមអ្វីឡើយ ជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡារួចរាល់ តាមរយៈការចូលរួមកិច្ចប្រជុំ និងពិធីបើកផ្លូវការ ផ្ទុយទៅវិញ ថែមទាំងត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអាជ្ញាធរកីឡាអន្ដរជាតិ សម្ដែងនូវការគោរព និងគាំទ្រ ចំពោះការសម្រេចចិត្តនេះទៀតផង។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្រោយត្រឡប់មកដល់មាតុភូមិវិញក្រោយគេ ជាមួយមន្ដ្រី ២រូប នៅថ្ងៃទី១១ ខែធ្នូ ពោលគឺ ២ថ្ងៃក្រោយកម្ពុជា បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាព។

ទន្ទឹមជាមួយការប្រកាសដកខ្លួននេះដែរ ក៏មានព័ត៌មានចរចាមអារ៉ាមលើកឡើងជាហូរហែថា កម្ពុជាបានរងបម្រាមមិនឲ្យចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយចំនួន ពិសេសកីឡាអាស៊ីអ ឆ្នាំ២០២៦ ។ ប៉ុន្ដែព័ត៌មានចរចាមអារ៉ាមនេះ ត្រូវបានលោក វ៉ាត់ ចំរើន ទាត់ចោល ហើយថា ជាការផ្សព្វផ្សាយបំភ្លៃការពិត ក្នុងចេតនាមិនល្អ។

លោក វ៉ាត់ ចំរើន ថា «ជុំវិញការលើកឡើងថា កម្ពុជា មិនរងពិន័យ ឬបម្រាមអ្វីទាំងអស់ ក្រោយដកខ្លួន គឺគ្មានទេ ព្រោះប្រតិភូកីឡាទាំងអស់ ពេលយើងដកខ្លួនហ្នឹង គេអបអរសាទរទៅទៀត គេថា ជាការសម្រេចចិត្តត្រឹមត្រូវ ទាំងគណៈកម្មការរៀបចំការប្រកួត ក៏គេសប្បាយចិត្តដែរ គេថាយើងសម្រេចចិត្តត្រឹមត្រូវ។ អ៊ីចឹងអត់មានអ្វីប៉ះពាល់នោះទេ»៕