យោធាថៃ បើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិជ័យជំនះ ឃុំថ្មដា  ខណៈកងកម្លាំងកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ម៉ោង៩:០១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន១គ្រាប់ផ្លោងចូលចំណុចភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ម៉ោង៩:០៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង DK ចំនួន២គ្រាប់ និងប្រើប្រាស់ដ្រូនទំលាក់គ្រាប់ មកក្នុងនៅភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កងកម្លាំងកម្ពុជា បាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕