សមាគម CMA និង ABC បន្តអនុវត្តវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី «ការបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ»។ 

យោងតាមស្ថានភាពតានតឹងកើតឡើងជាថ្មីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការប្រកបរបររបស់ប្រជាជន សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា សមាគមទាំងពីរ នៅតែបន្តអនុវត្ត «វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ» ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សមាគមទាំងពីរ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការអនុវត្តតាមសេចក្តីណែនាំនានារបស់ធនាគាជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតជាសមាជិករបស់សមាគមទាំងពីរ ប្តេជ្ញាចូលរួមសម្រួលដល់អតិថិជនដែលរងផល់ប៉ះពាល់តាមវិធានការខាងលើ៕