កម្ពុជា គឺជាប្រទេសដំបូងគេ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនបរទេស។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួបគណៈប្រតិភូមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយ ដើម្បីធ្វើការរាយការណ៍ជូនអំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកាលានុវត្តភាពថ្មីនៃការវិនិយោគនៅកម្ពុជា ជាពិសេស ភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា «កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាម៉េរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក»។ 

បន្ថែមពីនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុងការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចចិត្តលើការអនុវត្តគម្រោងនាពេលអនាគត ព្រមទាំងបានសម្តែងនូវអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ERIA និងបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យគម្រោងនេះអាចបន្តបោះជំហានទៅមុខដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕