
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមសរុប ១៥នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។
ការបណ្ដេញចេញជនជាតិវៀតណាមទាំងនេះ មូលហេតុដូចជា៖ ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន, ករណីសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងចាប់បង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន(អនុវត្តទោសចប់), ករណីនេសាទដោយប្រើឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៧នាក់ (ស្រី១នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ១នាក់ ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ៥នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់៕









































Leave a Reply