
កណ្ដាល ៖ ក្រុមការងារអន្តរក្រសួង សហការជាមួយ រដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាស្តីពី ការបង្កើត និងការចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដល់អង្គការសមាគមស្ថិតក្រោមក្រសួងមហាផ្ទៃ នៅខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច ឯកឧត្តមបណ្ឌិត ងិន បាណាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្ដម ណុប ដារ៉ា បានឲ្យដឹងថា សិក្ខាសាលានៅពេលនេះពិតជាមានសារៈសំខាន់ ដើម្បីជួយលើកកម្ពស់ការយល់ដឹងដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធក្នុងខេត្ត បានយល់ច្បាស់អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានា នៃការកំណត់អំពីវិធាន នីតិវិធីនៃការបង្កើត ការចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យ បរធនបាលកិច្ច។

ឯកឧត្តម សុខ ដារ៉ា បានថ្លែងក្នុងសិក្ខាសាលានេះដែរថា បរធនបាលកិច្ចមានន័យថា ជាកិច្ចការគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន «កិច្ចការគ្រប់គ្រង ទ្រព្យធនរបស់អ្នកដទៃ»។

ឯកឧត្តម បន្ដថា សកម្មភាពនេះចាត់ទុកថាជាប្រតិបត្តិការ បរធនបាលកិច្ច មានជាអាទិ៍ ការផ្ទេរទ្រព្យសម្បត្តិរបស់ម្ចាស់ទ្រព្យ (ហៅថាបរធនបាលទាយក ឬ អ្នកផ្តល់វិភាគទានបរធនបាលកិច្ច) ទៅឱ្យបុគ្គលដទៃ (ហៅថាបរធនបាល) ដើម្បីគ្រប់គ្រង ចាត់ចែង និង ថែរក្សាជំនួស សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃទៀត (ហៅថាអត្ថគាហកៈ)៕











































Leave a Reply