សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម កែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។

តាមរយៈចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងត្រី ដែលមានសក្តានុពល និងធានានិរន្តរភាពបរិស្ថាន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម»។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ការស្រាវជ្រាវ និងផ្សព្វផ្សាយការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ឬនវានុវត្តន៍ ដូចជាកម្មវិធីសៀវភៅកសិកម្ម និងទិន្នន័យស្តីពីការដាំដុះ និងការពារ ផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ»៕