
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ មាតា បិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍។

តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀន ឆ្លាតវៃ ការភ្ជាប់បណ្តាញអ៊ីនធឺណិតនៅតាមសាលារៀន ការលើកកម្ពស់សមត្ថភាពឌីជីថលដល់ គ្រូបង្រៀន ការផលិតនិងការកែលម្អមាតិកាសិក្សា និងការផ្សព្វផ្សាយមាតិកាឌីជីថល ឱ្យកាន់តែ ទូលំទូលាយ។
សម្ដេចធិបតី បន្ថែមថា មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេស សូមចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ សូមក្មួយៗចងចាំថា «ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខ គ្រប់រូបភាព»៕










































Leave a Reply