
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីរាជការដែលទើបទទួលការតែងតាំងថ្មីគ្រប់មុខតំណែងទាំងអស់ក្នុងរដ្ឋបាលខេត្ត ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានគុណធម៌ក្នុងការបំពេញការងារ ស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើនទៅមុខ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពត នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អ្នកដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាអ្នកដែលមានសមត្ថភាពហើយទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត ដោយប្រគល់តួនាទីភារកិច្ចជូនតាមជំនាញរៀងៗខ្លួន។

លោក អភិបាលខេត្ត បានបន្តថា ការទទួលបានតួនាទីនេះគឺជាការទទួលនូវអំរែក និងបន្ទុកច្រើនជាងមុនដែលត្រូវអនុវត្តន៍ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺការបំពេញតួនាទីភារកិច្ចប្រកបដោយគុណធម៌ ដែលគុណធម៌នោះគឺជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត ការសណ្តោសប្រណីចំពោះអ្នកក្រោមឱវាទ ពិសេសប្រជាពលរដ្ឋ ហើយត្រូវជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍប្រទេស ការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋត្រូវបានគិតគូរជានិច្ច ពិសេសកន្លងទៅថ្មីៗនេះ សម្តេច ក៏បានខិតខំអត់ធ្មុតក្នុងការបញ្ចប់ការឈ្លានពានពីប្រទេសថៃមកលើកម្ពុជាដោយសន្តិវិធី ព្រមទាំងទទួលបានជោគជ័យជាផ្លែផ្កា៕








































Leave a Reply