ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យមន្ត្រីក្រោមឱវាទ ផ្ដោតសំខាន់លើការរួមចំណែករៀបចំប្រទេសជាតិឱ្យបានល្អ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ត្រីក្រោមឱវាទក្រសួងមានការឯកភាពគ្នា គិតគូរលើសពីការងារស្នូលរបស់ខ្លួន មានន័យថាមិនត្រឹមតែផ្ដោតលើការងារស្នូលតែមួយមុខនោះទេ គឺត្រូវគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានធំទូលំទូលាយ ត្រូវបណ្ដុះទម្លាប់ឱ្យចេះគិតគូរអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតិ ដើម្បីចូលរួមជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

ថ្លែងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រសួង និងជជែកពិភាក្សាប្រមូលមតិយោបល់ ក្នុងការត្រៀមរៀបចំគម្រោងសម្បទានដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៤ ឬហៅថា LASED IV ការរៀបចំទីក្រុង និងទីប្រជុំជនឱ្យបានល្អ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនទាំងអស់ ការរៀបចំតំបន់ឆ្នេរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងតំបន់ឆ្នេរទាំងអស់ នៅក្នុងខេត្តជាប់មាត់សមុទ្រចំនួន៤ ដែលក្នុងនោះមានឆ្នេរខ្សាច់ ឆ្នេរថ្ម និងឆ្នេរកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ រៀបចំផ្លូវតភ្ជាប់ខេត្តជាប់មាត់សមុទ្រទាំង៤ ធ្វើយ៉ាងណាជួយដល់ជីវភាពរបស់ប្រជាសហគមន៍ អោយមានភាពរីកចម្រើនជាងមុន និងការរៀបចំតំបន់បឹងទន្លេសាប និងតំបន់បេតិកភណ្ឌពិភពលោកអង្គរឱ្យបានត្រឹមត្រូវ ។

តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចង់ប្រែក្លាយការគិតគូរក្នុងជួរថ្នាក់ដឹកនាំក្រសួង និងប្រែក្លាយផ្នត់គំនិតរបស់មន្ត្រីក្រោមឱវាទ ឱ្យមានការឯកភាពគ្នាគិតគូរលើសពីការងារស្នូលរបស់ខ្លួន មានន័យថាមិនត្រឹមតែផ្ដោតលើការងារស្នូលតែមួយមុខនោះទេ គឺត្រូវគិតឱ្យបានវែងឆ្ងាយ គិតឱ្យបានធំទូលំទូលាយ ត្រូវបណ្ដុះទម្លាប់ឱ្យចេះគិតគូរអំពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតិ ដើម្បីចូលរួមជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ។

ឯកឧត្តម បានបញ្ជាក់ថា យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុទ្ធតែជាចំណែកដ៏សំខាន់មួយក្នុងការជួយរៀបចំប្រទេសជាតិ ឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ ជួយកសាងជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យល្អប្រសើរ ជួយជំរុញខឿនសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លា រឹងមាំ ឆ្លើយតបតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕