
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ហើយគម្រោងនេះ នឹងបញ្ចប់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ៥សំនួរ-ចម្លើយ ពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ៖
១សំនួរ៖ គម្រោងព្រែកជីកហ្វូណនតេជោ មានការប្រែប្រួល ឬយ៉ាងណា?
ចម្លើយ៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។
២សំនួរ៖ តើព្រែកជីកចាប់ផ្តើមជីកនៅពេលណា?
ចម្លើយ៖ ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។
៣សំនួរ៖ បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅក្នុងដំណាក់កាលអ្វី?

ចម្លើយ៖ បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

– ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២(ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។
៤ សំនួរ៖ គម្រោងនេះអាចបញ្ចប់តាមការគ្រោងទុកទេ?
ចម្លើយ៖ មិនមានការប្រែប្រួលទេ។ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។
៥ សំនួរ៖ គម្រោងព្រែកជីញហ្វូនតេជោដល់ប្រយោជន៍អ្វីដល់កម្ពុជា?
ចម្លើយ៖ គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។

ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ៕





































Leave a Reply