សម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យលក់ទំនិញថៃចាស់ៗឲ្យអស់ ប៉ុន្តែមិនត្រូវនាំចូលទំនិញថ្មីៗមកថែមទៀតនោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រឲ្យក្រុមអាជីវករខ្មែរលក់ទំនិញថៃចាស់ៗឲ្យអស់ ប៉ុន្តែមិនត្រូវនាំចូលទំនិញថ្មីៗមកថែមទៀតនោះទេ ។

តាមរយៈឆ្លើយតបខំមិននៅក្នុងខ្លឹមសាររបស់ សម្តេចតេជោ លើកឡើងពីលោក Ko1 និងនាំគ្នាដុតបំផ្លាញទំនិញថៃចោលកាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច គាំទ្រការលក់ទំនិញចាស់ឲ្យអស់ តែក៏មិនត្រូវនាំចូលទំនិញថ្មីៗមកបន្ថែមទៀតទេ។ 

សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាសូមកុំឲ្យមានឈ្មោះថា ទំនិញចាស់លក់មិនចេះអស់ តែការពិតជាទំនិញនាំចូលថ្មីៗមក ដើម្បីបោកប្រាស់អតិថិជនរបស់ខ្លួន ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវឲ្យអ្នកទិញក៏គួរពិនិត្យ ថាតើជាទំនិញចាស់ឬទំនិញថ្មី? ព្រោះទំនិញមានកាលកំណត់របស់វាដែរ ។

សម្តេចតេជោ ក៏បានស្នើឲ្យម្ចាស់សហគ្រាសនានានៅកម្ពុជា ត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងពលរដ្ឋខ្មែរត្រូវជួយទិញផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានស្នើឲ្យ Ko1 ត្រូវចូលរួមយុទ្ធនាការជំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញល្អប្រសើរជាង ជាជាងការនាំគ្នាដុតបំផ្លាញទំនិញថៃចាស់ៗចោល៕