សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក អំពីជំហរកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ 

ការលើកឡើងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក  រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសក្តានុពលដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។ 

ប្រមុខទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ, សម្តេចបវរធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្ត្រីអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។

លោក នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក បានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី៕